អង្គការ​ចំនួន​១៨១​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​គុក​២៣​នាក់​នៅ​ត្រពាំងផ្លុង

ពី Rfa ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៤ ដោយ ឡេង ម៉ាលីោ:មាន​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា និង​អង្គការ​អន្តរជាតិ​ចំនួន​១៨១ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ថ្កោលទោស​ចំពោះ​ការ​ប្រើ​កម្លាំង​ហិង្សា និង​កំណើន​អំពើ​ហិង្សា​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ស៊ីវិល ក្នុង​ពេល​តវ៉ា​រឿង​ប្រាក់​ខែ​គោល​កាល​ពី​ដើម​ខែ​មករា។ អង្គការ​ទាំង​នេះ ក៏​នឹង​ស្វែង​រក​អន្តរាគមន៍​ពី​អន្តរជាតិ ឱ្យ​តុលាការ​ដោះ​លែង​អ្នក​ជាប់​ឃុំ ២៣​នាក់ ហើយ​បើក​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ច្បាស់​លាស់​មួយ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គមimage​ស៊ីវិល​កម្ពុជា និង​អន្តរជាតិ​ទាំង​១៨១ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ មករា បាន​ថ្កោលទោស​ម៉ឺងម៉ាត់​ចំពោះ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​លើសលប់ និង​យ៉ាង​សាហាវ ព្រម​ទាំង​ការ​ចាប់​ខ្លួន​ដោយ​បំពាន និង​ការ​ប្រព្រឹត្ត​យ៉ាង​អមនុស្សធម៌ ដោយ​អាជ្ញាធរ​កម្ពុជា។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នេះ ក៏​បាន​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​នៅ​គុក​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម ចំនួន ២៣​នាក់ ដែល​កង​កម្លាំង​រដ្ឋាភិបាល​ចាប់​ដាក់​គុក​ចាប់​តាំង​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា មក។

អនុប្រធាន​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​អង្គការ​អាដហុក (Adhoc) លោក ណៃ វ៉ង់ដា មាន​ប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​ក៏​នឹង​ចាប់​ផ្ដើម​ធ្វើ​បេសកកម្ម​ដាក់​ញត្តិ ​ទៅ​បណ្ដា​ស្ថានទូត​បរទេស និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ដែល​កំពុង​ជាប់​ឃុំ​នៅ​គុក​ ត្រពាំងផ្លុង នោះ។

លោក ណៃ វ៉ង់ដា៖ «យើង​ចង់​ឱ្យ​ស្ថានទូត​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ដើម្បី​ឱ្យ​ដោះ​លែង​អ្នក​ទាំង ២៣​នាក់​ហ្នឹង ដែល​មាន លោក វន់ ពៅ លោក ចាន់ ពុទ្ធិសក្ដិ លោក ថេង សាវឿន ហើយ​និង​កម្មករ ២០​រូប​ទៀត​ហ្នឹង ឱ្យ​ដោះ​លែង​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ មូលហេតុ​ចម្បង គឺ​អ្នក​ទាំង ២៣​នាក់​ហ្នឹង មិន​បាន​ប្រព្រឹត្ត​នូវ​អំពើ​ល្មើស​នឹង​ច្បាប់​របស់​រដ្ឋ​ទេ»

អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ នឹង​ចាប់​ផ្ដើម​ធ្វើ​បេសកកម្ម​ដាក់​ញត្តិ​ទៅ​បណ្ដា​ស្ថានទូត​បរទេស និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៨ មករា ហើយ​ជា​ជំហាន​ដំបូង នៅ​ថ្ងៃ​ទី​២៣ មករា អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​នឹង​យក​ញត្តិ​ទៅ​ដាក់​ជូន​ស្ថានទូត​ អាល្លឺម៉ង់ កម្ពុជា ថៃ អូស្ត្រាលី កូរ៉េ​ខាង​ត្បូង និង​ស្ថានទូត​ភូមា ឬ​មីយ៉ាន់ម៉ា។

អង្គការ​សង្គម​ស៊ីវិល​ទាំង​១៨១ ក៏​បាន​ទាមទារ​ឱ្យ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ដូច​ជា បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ដើម្បី​រក​ជន​ដែល​ទទួល​ខុស​ត្រូវ​លើ​អំពើ​ហិង្សា​លើ​កម្មករ និង​ធានា​ឲ្យ​បាន​ថា ជន​ប្រព្រឹត្តិ​ត្រូវ​បាន​យក​មក​កាត់​ទោស​ដោយ​គ្មាន​បង្អង់ និង​ផ្ដល់​សំណង​ដល់​អ្នក​រង​របួស និង​គ្រួសារ​អ្នក​សម្លាប់ ឈប់​ប្រើ​អំពើ​ហិង្សា និង​កម្លាំង​ហួសហេតុ ក៏​ដូច​ជា ការ​ចាប់​ខ្លួន​ជន​ស៊ីវិល​ដោយ​បំពាន និង​ផ្ទុយ​ទៅ​វិញ ធានា​ឲ្យ​បាន​នូវ​ការ​ការពារ​អ្នក​រស់​នៅ​កម្ពុជា ស្ដារ​ឡើង​វិញ និង​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​សច្ចាប័ន រួម​ទាំង គោលការណ៍​ជា​មូលដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ប្រើ​កម្លាំង និង​អាវុធ​ដោយ​មន្ត្រី​ប្រតិបត្តិ​ច្បាប់ ត្រូវ​គោរព​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR) អនុសញ្ញា​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធ​មនុស្ស។ រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ធានា​ថា រាល់​សកម្មភាព​របស់​ខ្លួន គឺ​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស។

មួយ​រយៈ​កន្លង​មក​នេះ មាន​អង្គការ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស និង​អំពាវនាវ​ជា​ហូរហែ ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ ២៣​នាក់ នៅ​ត្រពាំងផ្លុង នោះ ហើយ​គាំទ្រ​ការ​ទទូច​របស់​អង្គការ​សហប្រជាជាតិ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស៊ើប​អង្កេត​ក្នុង​ការ​ប្រើ​កម្លាំង និង​អាវុធ​ហួសហេតុ បាញ់​សម្លាប់ និង​របួស​កម្មករ​អ្នក​តវ៉ា ក្នុង​ពេល​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ។

ទន្ទឹម​គ្នា​នឹង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​ទាំង​១៨១ នេះ​ដែរ នៅ​ថ្ងៃ​ទី​២២ មករា មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ជាប់​ឃុំ ២២​នាក់ ក្នុង​ចំណោម ២៣​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ដោយ​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង ដែល​បដិសេធ​មិន​ឱ្យ​អ្នក​ទាំង ២២​នាក់​នោះ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

កាល​ពី​ថ្ងៃ​ទី​១៤ មករា មេធាវី​របស់ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​មុន​គេ បន្ទាប់​ពី​សាលា​ដំបូង​សម្រេច​មិន​ឱ្យ លោក វន់ ពៅ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី​៨ មករា៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s