អង្គការ​សមាគម​ជិត​២០០​បន្ត​ដាក់​ញត្តិ​ទាមទារ​ដោះលែង​មនុស្ស​២៣​នាក់

ពី camnews ដោយ ទេព សុរ៉ាវី ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៤ ​​​​​​​​​​​​​​​​​​​​​៖ក្រុម​អង្គការ​សមាគម​ជាតិ​និង​អន្តរជាតិ​ជិត ២០០​ស្ថាប័ន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែ​មករា ដើរ​ហែ​ក្បួន​ដាក់​ញត្តិ​ជូន​ស្ថានទូត​បរទេស និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន នៅ​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មនុស្ស ២៣​​នាក់​ពី​ពន្ធនាគារ និង​ត្រូវ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ស្លូត​ត្រង់។
កងកម្លាំង​ប្រដាប់​អាវុធ និង​កង​សន្តិសុខ​រាជធានី​ភ្នំពេញ ប្រមាណ ១០០​នាក់ បាន​រារាំង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​មិន​ឲ្យ​ដើរ​ដោយ​ថ្មើរ​ជើង​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​បរទេស និង​អង្គការ​អន្តរជាតិ ដោយ​បង្វែរ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​រថយន្ត និង​ម៉ូតូ​កង់​បី​ជំនួស ដើម្បី​ការពារ​សណ្ដាប់ធ្នាប់ និង​ចៀសវាង​ការ​កក​ស្ទះ​ចរាចរណ៍។

ការ​ដាក់​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចាប់​ផ្ដើម​បន្ត​ឡើង​វិញ​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​២៩ ខែ​មករា បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ។ ការ​ដាក់​ញត្តិ​លើក​នេះ មាន​មនុស្ស​ជិត ១​០០​នាក់​ចូល​រួម​ដោយ​ផ្ដើម​ពី​ស្ថានទូត​សិង្ហបុរី ហើយ​ក្រុម​មន្ត្រី​អង្គការ​ទាំង​នោះ​បាន​ព្យាយាម​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៅ​កាន់​ស្ថានទូត​ផ្សេង​ទៀត ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ដើរ​ឡើយ។

ក្រោយ​មាន​ការ​សម្របសម្រួល ក្រុម​ការងារ​របស់​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ បាន​សម្រេច​ចិត្ត​ជិះ​ម៉ូតូ​កង់បី ខ្លះ​ជិះ​ម៉ូតូ ហើយ​ខ្លះ​ទៀត​ជិះ​រថយន្ត ដង្ហែ​ញត្តិ​ទៅ​ដាក់​តាម​ស្ថានទូត​ពី​មួយ​ទៅ​មួយ ហើយ​បាន​ថ្កោលទោស​ចំពោះ​កម្លាំង​សមត្ថកិច្ច​ដែល​រារាំង​នោះ ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ដើរ​ហើរ​របស់​ពលរដ្ឋ និង​ធ្វើ​ឲ្យ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ថយ​ក្រោយ៖ «ប៉ះពាល់​ដល់​ការ​រំលោភ​សិទ្ធិ​ដែរ អត់​ឲ្យ​យើង​ប្រើ​មធ្យោបាយ​ជើង​របស់​យើង ដែល​ជើង​របស់​ម៉ែ​ឪ​ឲ្យ​យើង។ យើង​បាន​សន្យា​ជាមួយ​គាត់​ដែរ​ថា យើង​មិន​បង្ក​បញ្ហា​អី​ទេ ហើយ​ឲ្យ​ទុក​ចិត្ត​មក​លើ​យើង យើង​អាច​ចាប់​ផ្ដើម​ការ​ទុក​ចិត្ត​គ្នា​សិន​ទៅ»។

នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា លោកស្រី រស់ សុភាព ដែល​ដឹកនាំ​យក​ញត្តិ​ទៅ​ដាក់​តាម​ស្ថានទូត​មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​គឺ​អង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំ​ឲ្យ​តំណាង​ស្ថានទូត​ទាំង​អស់ រួម​ទាំង​តំណាង​អង្គការ​សហប្រជាជាតិ ជួយ​ចរចា​ជាមួយ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​មន្ត្រី​អង្គការ និង​សកម្មជន​ដីធ្លី ព្រមទាំង​កម្មករ​សរុប ២៣​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កន្លង​មក ពេល​ដែល​ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ។

លោកស្រី រស់ សុភាព៖ «យើង​ជា​តំណាង​សង្គម​ស៊ីវិល​អន្តរជាតិ​និង​ជាតិ ដែល​មាន​អ្នក​ចុះ​ហត្ថលេខា​នៅ​ក្នុង​ញត្តិ​នេះ​ចំនួន ១៩៧ ហើយ​សុំ​មក​ដាក់​ញត្តិ​ឲ្យ​ស្ថានទូត​លោក​ជួយ​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល ដើម្បី​គិតគូរ​ពិចារណា​ដោះលែង​ទៅ​ដល់​អ្នក​ទាំង ២៣​នាក់ កំពុង​តែ​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម ជា​ពិសេស​គឺ វន់ ពៅ គាត់​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សុខភាព​គាត់​មាន​ការ​លំបាក​មែន​ទែន ដែល​គាត់​មាន​ជំងឺ​ផ្ទាល់ខ្លួន​ទើប​តែ​ធ្វើការ​វះកាត់​ហើយ ត្រូវ​ទៅ​ពេទ្យ​ញឹកញាប់​ជា​ប្រចាំ​ដើម្បី​ថែរក្សា​សុខភាព​របស់​គាត់»។

ស្ថានទូត​ដែល​បាន​ដាក់​ទាំង​នោះ រួម​មាន​ស្ថានទូត​សិង្ហបុរី ស្ថាប័ន​អង្គការ​សហប្រជាជាតិ ស្ថានទូត​ប្រ៊ុយណេ ស្ថានទូត​មីយ៉ាន់ម៉ា ឬ​ភូមា ស្ថានទូត​ឥណ្ឌូនេស៊ី ស្ថានទូត​ហ្វីលីពីន ស្ថានទូត​វៀតណាម និង​ស្ថានទូត​ចិន។ ប៉ុន្តែ​ស្ថានទូត​វៀតណាម មិន​មាន​អ្នក​ទទួល​ទេ ដោយសារ​តែ​មន្ត្រី​ទូត​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម។ រី​ឯ​ស្ថានទូត​ចិន​វិញ បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​អង្គការ ៣​រូប ចូល​យក​ញត្តិ​ទៅ​ដាក់​ដល់​ខាង​ក្នុង​ស្ថានទូត ដោយ​ខុស​ប្លែក​ពី​ស្ថានទូត​ហ្វីលីពីន និង​ប្រ៊ុយណេ ដែល​ឲ្យ​អ្នក​បើក​ឡាន និង​សន្តិសុខ​ឯកជន​ចេញ​មក​ទទួល​ញត្តិ​ខាង​ក្រៅ៕image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s