តំណាង​កសិករ​នៅ​ស្វាយរៀង​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​២១​នាក់

ពី Rfa ដោយ ហ៊ុំ ចំរើន ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៤: តំណាង​ប្រជា​កសិករ​នៅ​ខេត្ត​ស្វាយរៀង ប្រមាណ ១០០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១៤​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​ស្វាយរៀង​ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ លោក វន់ ពៅ និង​សកម្មជន​ដី​ធ្លី​ រួម​ទាំង​កម្មករ​សរុប ២១​នាក់​ ដែល​ជាប់​ឃុំ​នៅ​គុក​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម។

មូលហេតុ​ដែល​តំណាង​កសិករ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​នេះ ដោយសារ​មាន​តំណាង​កសិករ​ម្នាក់​ពី​ខេត្ត​ស្វាយរៀង ត្រូវ​គេ​ចាប់​និង​ឃុំ​ខ្លួន​ដែរ។

ញត្តិ​របស់​ប្រជា​កសិករ​ស្នើ​​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​យុត្តិធម៌​ ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ដីធ្លី​ រួម​ទាំង​កម្មករ​សរុប​ ២១​នាក់​ ឲ្យ​រួច​ពី​ការ​ឃុំឃាំង និង​រួច​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៤ ដោយ​ស្នើ​តាម​រយៈ​អភិបាល​នៃ​គណៈ អភិបាល​ខេត្ត​ស្វាយរៀង។​

ប្រជាពលរដ្ឋ​ប្រមូល​​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលា​ខេត្ត​ស្វាយរៀង ដោយ​មាន​កម្លាំង​ប៉ូលិស​ និង​មន្ត្រី​កងរាជអាវុធហត្ថ​ប្រហែល​ជិត ១០០​នាក់ ការពារ​យ៉ាង​តឹងរ៉ឹង។ មន្ត្រី​សាលា​ខេត្ត​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ២​នាក់​នាំ​ញត្តិ​ចូល​ជួប​ពិភាក្សា​រយៈ​ពេល​ប្រមាណ ១​ម៉ោង នៅ​ខាង​ក្នុង​សាលា​ខេត្ត​ស្វាយរៀង។

​​​តំណាង​ប្រជាពលរដ្ឋ​នាំ​ញត្តិ​ចូល​ពិភាក្សា​ជាមួយ​មន្ត្រី​សាលា​ខេត្ត​ ស្វាយរៀង​ លោក​ ស៊ុម ម៉ាណែត ថ្លែង​បញ្ជាក់​​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ថា មូល​ហេតុ​ដែល​ប្រជាពលរដ្ឋ​ដាក់​ញត្តិ​មក​កាន់​សាលា​ខេត្ត​ស្វាយរៀង ដោយសារ​មន្ត្រី​សម្របសម្រួល​​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ម្នាក់ ជាប់​ពន្ធនាគារ​នៅ​ខេត្ត​កំពង់ចាម ជា​តំណាង​សកម្មជន​របស់​ប្រជាកសិករ​​នៅ​ខេត្ត​ស្វាយរៀង។

លោក​ថ្លែង​បន្ត​ថា ប្រជាកសិករ​នាំ​ញត្តិ​​ថ្ងៃ​នេះ​ ដើម្បី​ឲ្យ​គណៈ​អភិបាល​ខេត្ត​ដែល​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ ស្វាយរៀង​ ផ្ញើ​សារ​របស់​ពួក​គេ​ទៅ​​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល៖ «ញត្តិ​ ហ្នឹង​ខ្ញុំ​បាន​ជួប​ជាមួយ​បង​នាយក​រដ្ឋបាល​រួច​រាល់​ហើយ ហើយ​គាត់​បាន​មាន​ប្រសាសន៍​ថា ញត្តិ​ហ្នឹង​ទាក់​ទង​ជាមួយ​ការ​ចាប់​ខ្លួន​ជាមួយ​អី​ហ្នឹង គឺ​គាត់​បាន​ពិនិត្យ​ទៅ​គាត់​ឃើញ​ថា នៅ​ដែន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ។ ដូច្នេះ​គាត់​បាន​សម្របសម្រួល​ហើយ​ ខ្ញុំ​បាន​ដក​ញត្តិ​ហ្នឹង​ចេញ​មក​វិញ ហើយ​ខ្ញុំ​នឹង​ទៅ​ដាក់​នៅ​ឯ​​រាជធានី​ភ្នំពេញ បន្ត​ទៀត ជាមួយ​កម្មករ ក៏​ដូច​ជា​សមាជិក​ ក៏​ដូច​ជា​កម្មករ​អី​ផ្សេងៗ​ហើយ​និង​​ប្រជាពលរដ្ឋ»

​​​​លោក​ ស៊ុម ម៉ាណែត​ បញ្ជាក់​បន្ថែម​ថា​ តាម​គម្រោង​ដាក់​ញត្តិ​​ថ្ងៃ​នេះ​នឹង​មាន​ប្រជាពលរដ្ឋ​ចូល​រួម​ប្រមាណ ១​ពាន់​នាក់​ ប៉ុន្តែ​ត្រូវ​បាន​ខកខាន​ទៅ​វិញ​ ដោយសារ​អាជ្ញាធរ​រារាំង​ទប់​ស្កាត់​ក្បួន​រថយន្ត​របស់​ប្រជាពលរដ្ឋ។​

​​​​​ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ដែល​រួម​ដាក់​ញត្តិ​នៅ​មុខ​សាលា​ខេត្ត​ស្វាយរៀង ម្នាក់​ទៀត អ្នកស្រី ឥន សូត្រ ថ្លែង​បញ្ជាក់​ថា អ្នកស្រី​ចូល​រួម​ដាក់​ញត្តិ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ពន្ធនាគារ​នៅ​គុក​ ត្រពាំងផ្លុង​ទាំង ២១​នាក់ ដោយ​យល់​ឃើញ​ថា អ្នក​ទាំង​នោះ​ពុំ​មាន​ទោស​​អ្វី​ធ្ងន់ធ្ងរ​ឲ្យ​ជាប់​ពន្ធនាគារ​ឡើយ៖ «ខ្ញុំ ​មក​ថ្ងៃ​ហ្នឹង​មក​ដាក់​ញត្តិ​ចង់​ឲ្យ​គេ​ដោះលែង​កម្មករ​ទាំង ២៣ គេ​ចាប់​ហ្នឹង។ ខ្ញុំ​យល់​ថា នៅ​ភ្នំពេញ គេ​ថា នៅ​ភ្នំ​ពេញ មាន​តែ​បន្តិច​បន្តួច អ៊ីចឹង​គេ​ថា​តាម​ខេត្ត​មិន​ដែល​អើពើ មិន​ដែល​ចេះ​ជួយ ថា​គេ​មិន​ដែល​ឈឺ​ចាប់​ម្ដង​តាម​ខេត្ត​អ៊ីចឹង ដល់​ហើយ​មាន​តែ​ពួក​ខ្ញុំ​ធ្វើ​នៅ​ហ្នឹង​ទៀត ទៅ​ដាក់​នៅ​ហ្នឹង​ទៀត​ទៅ»

មនុស្ស​ទាំង ២១​នាក់ ដែល​ជាប់​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង និង​មាត់ឃ្មង់ ត្រូវ​បាន​កម្លាំង​ចម្រុះ​រដ្ឋាភិបាល​ចាប់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ការ​ប្រមូល​ ផ្តុំ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ របស់​ក្រុម​កម្មករ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា៕image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s