​សហជីព នឹង​ដាក់​លិខិត​ទៅ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ក្នុង​សប្តាហ៍​នេះ ដើម្បី​បំភ្លឺ​ករណី​កម្មករ​​

ពី VOD ដោយ ៖​ កាន់ វិច្ឆិកា ថ្ងៃទី ១៧​ ខែ​ កុម្ភៈ ឆ្នាំ​ ២០១៤: សហព័ន្ធ​សហជីព​ចំនួន​១៦ គ្រោង​នឹង​ដាក់​លិខិតអញ្ជើញ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយចំនួន នៅក្នុង​សប្តាហ៍​នេះ ដើម្បី​ទៅ​ឆ្លើយបំភ្លឺ​ចំពោះ​មុខ​កម្មករ និង​មន្ត្រីរាជការ ក្នុង​វេទិកាសាធារណៈ​មួយ ជុំវិញ​ករណី​បង្ក្រាប ការចាប់ខ្លួន និង​ការមិន​ព្រម​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ​ជូន​កម្មករ ទៅ​តាម​ការទាមទារ​។​
​វេទិកា​សាធារណៈ​នោះ គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០៨​ខែ​មិនា ខាងមុខនេះ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ​។​

​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​ជា​សហជីព​មួយ​ក្នុងចំណោម​សហព័ន្ធ​សហជីព​ទាំង​១៦ មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា លិខិតអញ្ជើញ​របស់​ស​ហ​ព័ន្ធ​សហជីព​នឹង​ត្រូវ​ដាក់​ក្នុង​សប្តាហ៍​នេះ ដោយ​អញ្ជើញ លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ ប្រចាំការ​ទទួលបន្ទុក​បេសកកម្ម​ពិសេស នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ មក​ធ្វើ​ការបំភ្លឺ​ជុំវិញ​ករណី នៃ​ការបង្ក្រាប ការចាប់ខ្លួន និង​ការមិន​ព្រម​ដំឡើង​ប្រាក់ខែ​សម្រាប់​កម្មករ កម្មការិនី​ «​យើង​ គ្រោង​រៀបចំ​វេទិកា​សាធារណៈ នៅ​ថ្ងៃ​ទី​៨ ហេតុដូច្នេះ​ហើយ វេទិកា​សាធារណៈ​នេះ និយាយ​អំពី​ការចាប់ខ្លួន ការ​មិន​ឡើង​ប្រាក់ខែ ការបង្ក្រាប យើង​អញ្ជើញ​អ្នក​សំខាន់ៗ ដូចជា​ឯកឧត្តម ស ខេង ឯកឧត្តម គាត ឈ​ន់ ឯកឧត្តម អ៊ិត សំហេង ហើយ​និង​លោក ជីវ កេង ប្រធាន​តុលាការ​ក្រុង ដើម្បី​មក​ដើម្បី​ឲ្យ​គាត់​ឆ្លើយ​បំភ្លឺ​ជាមួយ​កម្មករ ដែល​សួរ​ហ្នឹង​ទៅ​»​។​​

VOD មិនអាច​ទាក់ទង​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី ដែល​សហព័ន្ធ​សហជីព​គ្រោង​នឹង​អញ្ជើញ​ទៅ​ឆ្លើយ​បំភ្លឺ​នោះ​បាន​ទេ​នៅ​ព្រឹក​ ថ្ងៃ​ចន្ទ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា យោង​តាម​ផ្លូវច្បាប់ អ្នក​ដែល​អាច​អញ្ជើញ​ទៅ​បំភ្លឺ​បាន​មាន​តែ​សភា​ប៉ុណ្ណោះ សហជីព​មិនអាច​អញ្ជើញ​រដ្ឋមន្ត្រី ឬ​ទេស​រដ្ឋមន្ត្រី​ទៅ​បំភ្លឺ​បាន​ទេ លុះត្រាតែ​សហជីព​នោះ​ធ្វើ​តាមរយៈ​សភា ដែល​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នកចូលរួម​ «​ដូចជា សុំ​កុំ​ដេក​យល់សប្តិ​អី ធ្វើ​តាម​ច្បាប់ទម្លាប់​ត្រឹមត្រូវ អ្នក​ដែល​អញ្ជើញ​រដ្ឋមន្ត្រី​មហាផ្ទៃ រដ្ឋមន្ត្រី​ឯណា​បាន មាន​តែ​សភា​ទេ ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ទៅ ចង់​បំភ្លឺ​អ្វី​ធ្វើ​តាមរយៈ​សភា​»​។​

​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ លោក មឿន តុលា យល់ថា ការដាក់​លិខិតអញ្ជើញ​ថ្នាក់ដឹកនាំ នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី និង​ល្អ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​បាន​ដឹង​ពី​សុខទុក្ខ និង​យកចិត្តទុកដាក់​ក្នុងការ​ឆ្លើយតប​ជា​វិជ្ជមាន​មក​កាន់​ប្រជាពលរដ្ឋ​វិញ​ «​សហជីប​នោះ គាត់​គ្រង​ធ្វើជា វេទិកាសាធារណៈ អញ្ចឹង​ការអញ្ជើញ​សមាជិក​រដ្ឋាភិបាល មក​ឆ្លើយ មក​ពន្យល់​ដល់​ប្រជាពលរដ្ឋ​នោះ វា​ជា​រឿង​មួយ​ដែល​ខ្ញុំ​មិន​មើលឃើញ​ថា វា​ខុស​នឹង​ច្បាប់​អ្វី​មួយ​ទេ ផ្ទុយទៅវិញ វា​ស្រប​ជាមួយ​រដ្ឋ​ធម្មនុញ្ញ ហើយ​វា​ជួយ​ដល់ មេដឹកនាំ​ទាំង​អស់នោះ ឲ្យបាន​ស្តាប់​ឮ​នូវ​កង្វល់ ពិតប្រាកដ​ពី​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​ហ្នឹង ហើយ​មិនចាំបាច់ ទទួល​ព័ត៌មាន​រាយការណ៍​ពី​អ្នក​ខាងក្រោមៗ មានពេលខ្លះ​រាយការណ៍​ខុស​ទៀត​ក៏​មាន​ដែរ​»​។​

ខណៈ​ដែល​សហជីព​ធំៗ និង​សមាគម​ចំនួន​១៦ គ្រោង​នឹង​ដាក់​លិខិតអញ្ជើញ រដ្ឋមន្ត្រីក្រសួង​ដែល​ពាក់ព័ន្ធ​មួយចំនួន មក​បំភ្លឺ​ជុំវិញ​ករណី នៃ​ការបង្ក្រាប ការចាប់ខ្លួន និង​ការមិន​ព្រម​ដំឡើង​ប្រាក់ខែ​នេះ បណ្តា​សហជីព​ទាំង​១៦ ដដែល​នោះ ក៏​នឹង​ចាប់ផ្តើម​ចែក​ខិត្តប័ណ្ណ​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ដល់​កម្មករ កម្ម​ការ​នី ឲ្យចូល​រួម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ដោះស្រាយ​បញ្ហា​របស់​កម្មករ ដំឡើង​ប្រាក់ខែ​គោល និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ទាំង​២១​នាក់ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម បន្ទាប់​ពី​ការដោះស្រាយ​មិន​ទទួលបាន​ប្រសិទ្ធភាព​ក្នុង​រយៈកាល កន្លងមក​៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s