​បក្ស​សង្គ្រោះ​ជាតិ គ្រោង​ដាក់​លិខិត ស្នើសុំ​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​២១​នាក់ជាថ្មី​

ពី VAYOFM ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៤ ៖ដោយ ឃួន សុភ័ក្រ ៖20140102_Fightingតំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ចុះ​ជួប​អ្នក​ជាប់​ឃុំ​២១​នាក់​ជា​ថ្មី​ទៀត ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ បន្ទាប់​ពី​ខកខាន​មិន​ជួប​កាលពី​លើក​មុន ដោយសារតែ​គ្មាន​ការ​អនុញ្ញ​ត្ដ​ពី​មន្ដ្រី​ពន្ធនាគារ ត្រពាំង​ថ្លុង ក្នុង​ខេត្ត​កំពង់ចាម​។

​អ្នកនាំពាក្យ​រង​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញា​ឬ​ទ្ធិ បាន​ថ្លែង​ប្រាប់​វិទ្យុ​ខ្មែរ​អន្ដរជាតិ​វាយោ​FM នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភះ​នេះ ថា គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដាក់​លិខិត​ជា​ថ្មី ទៅកាន់​តុលាការ ដើម្បី​ស្នើសុំ​ចុះសួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​នោះ ហើយ​ការ​ដាក់​លិខិត​នេះ អាច​ធ្វើឡើង នៅក្នុង​សប្ហាហ៍​ក្រោយនេះ​។

​អ្នកនាំពាក្យ​ដដែល បាន​សម្ដែង​ក្ដីសង្ឃឹម ថា ការ​ដាក់​លិខិត​លើក​នេះ នឹង​អាច​មាន​ការ​អនុ​ញ្ញាត្ដ ពី​តុលាការ ក៏​ដូច​ជា​មន្ដ្រី​ពន្ធនាគារ​ត្រពាំង​ថ្លុង ដើម្បីឲ្យ​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចុះ​សួរសុខទុក្ខ អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​នោះ​។​

​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ កាលពី​ថ្ងៃ​ម្សិលមិញ បាន​ថ្លែង ថា ប្រសិនបើ​មាន​ការដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នោះ ការចរចា​រក​ដំណោះ ស្រាយ​ដែល​នៅ​សេសសល់ សម្រាប់​ផលប្រយោជន៍​ជាតិ រវាង​គណបក្ស​ទាំងពីរ នឹង​កាន់តែ​មាន​បរិយាកាស​ល្អប្រសើរ​។

​ជា​ការឆ្លើយតប មន្ដ្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រុំ សុខា បាន​គូសបញ្ជាក់ ថា ការដោះលែង ឬ​មិន​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​នោះ ជា​សមត្ថកិច្ច​របស់​តុលាការ​ក្នុង​ការសម្រេច មិន​អាច​ធ្វើ​អ្វី​រំលង​ច្បាប់​បានឡើយ​។​

សូមបញ្ជាក់ ថា កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា ឆ្នាំ​២០១៤ សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​២៣​នាក់ នៅក្នុង​ការប៉ះទង្គិច​គ្នា ដោយ​ហិង្សា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​នៅ​ផ្លូវវេង​ស្រេង ហើយ​ភ្លាមៗ តុលាការ​ក៏​បាន​ចោទប្រកាន់​អ្នក​ទាំងនោះ នឹង​បាន​បញ្ជូន​ទៅកាន់​ពន្ធនាគា​រ ត្រពាំង​ថ្លុង ក្នុង​ខេត្ត​កំពង់ចាម​។

យ៉ាងណាក៏ដោយ កាលពី​ពេល​ថ្មីៗ​នេះ តុលាការ​បាន​សម្រេច​ដោះលែង អ្នក​ជាប់​ឃុំ​ចំនួន​២​នាក់ ក្នុងចំណោម​២៣​នាក់​នោះ ឲ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​សិន​៕

Leave a comment