សហជីព​ចាប់​ផ្ដើម​ចែក​ខិត្តប័ណ្ណ​អំពាវនាវ​ឲ្យ​កម្មករ​ធ្វើ​ពហិការ​មិន​ចូល​ធ្វើការ

ពី RFA ថ្ងៃទី ១៩ ខែ កុម្ភៈ​ ឆ្នាំ ២០១៤​ ដោយ ទេព សុរ៉ាវី៖​

ខិត្តប័ណ្ណ​ជិត ២០​ម៉ឺន​ច្បាប់ ដែល​ខាង​សហព័ន្ធ​សហជីព និង​សមាគម​ធំៗ​កំពុង​បោះ​ពុម្ព​សម្រាប់​ចែក​ជូន​ដល់​កម្មករ ដើម្បី​អំពាវនាវ​ឲ្យ​ពួកគេ​ចូល​រួម​ធ្វើ​មហា​កូដកម្ម​ដែល​គ្រោង​ធ្វើ​នៅ​ខែ​ មីនា ខាង​មុខ​នោះ ត្រូវ​បាន​បោះ​ពុម្ព​រួច​រាល់​ខ្លះ ហើយ​គ្រោង​ចែកចាយ​នៅ​រសៀល​ថ្ងៃ​ទី​១៩ កុម្ភៈ នៅ​តាម​គោលដៅ​រោងចក្រ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស។

ដូច​ការ​គ្រោង​ទុក​សហព័ន្ធ​សហជីព​និង​សមាគម​ធំៗ​សរុប​ចំនួន ១៦​កំពុង​បោះ​ជំហាន​មួយ​ឆ្ពោះ​ទៅ​ផែនការ​ធ្វើ​មហា​កូដកម្ម​នៅ​ទូទាំង​ប្រទេស ​ម្ដង​ទៀត ដោយ​ផ្ដើម​ពី​ការ​ចែក​ខិត្តប័ណ្ណ​ឲ្យ​កម្មករ​ធ្វើ​ពហិការ​មិន​ថែម​ម៉ោង​ ធ្វើការ​ឲ្យ​ចូល​រួម​វេទិកា​សាធារណៈ រហូត​ដល់​ពហិការ​មិន​ធ្វើ​ការ​ទាំង​ស្រុង​តែម្ដង​នៅ​ខែ​មីនា។

កម្មករ​រាប់​ម៉ឺន​នាក់​បាន​បរាជ័យ​ក្នុង​យុទ្ធនាការ​ចេញ​មក​ព្រមៗ​គ្នា​ តវ៉ា​ប្រឆាំង​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ កាល​ពី​ដើម​ខែ​មករា។ រហូត​មាន​ផ្ទុះ​ហិង្សា ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​ទាហាន បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​ស្លាប់ របួស​ជិត ៤០​នាក់ និង​ចាប់​ខ្លួន ២៣​នាក់​ដាក់​ក្នុង​ពន្ធនាគារ។ តែ​ក្រោយ​មក​មាន​ការ​ដោះលែង​ចំនួន ២​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​តាម​ការ​ស្នើ​សុំ។

ប៉ុន្តែ​មហា​កូដកម្ម​ដោយ​សន្តិវិធី​និង​ស្ងប់ស្ងាត់​នៅ​តាម​កន្លែង​ធ្វើ​ ការ​លើក​នេះ ត្រូវ​បាន​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ បញ្ជាក់​ថា អាច​មាន​ប្រសិទ្ធភាព​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​គិតគូរ​ដោះស្រាយ​សំណើ​របស់​កម្មករ៖ «យើង​ មិន​ទាន់​ចង់​ប្រឈម​ធ្វើ​កូដកម្ម​ជា​លក្ខណៈ​ដើរ​ក្បួន​ដែល​ប្រឈម​ដូច​មុន​ ទៀត​ទេ យើង​ធ្វើ​តាម​យុទ្ធសាស្ត្រ។កាល​មុន​កម្មករ​ផ្ទុះ​ឡើង​តែម្ដង អ៊ីចឹង​បាន​យើង​រៀបចំ​យុទ្ធសាស្ត្រ​អត់​ទាន់ ការ​រៀបចំ​យុទ្ធសាស្ត្រ​នេះ ទាំង​អត់​ថែម​ម៉ោង​ធ្វើ​ការ​តាំង​ពី​វេទិកា​សាធារណៈ តាំង​ពី​កូដកម្ម​នៅ​ផ្ទះ​គឺ​ជា​យុទ្ធសាស្ត្រ​មួយ។ ខ្ញុំ​គិត​ថា ធ្វើ​ឲ្យ​ខាង​និយោជក​និង​រដ្ឋាភិបាល​មាន​ការ​ចាប់​អារម្មណ៍​ចង់​ដោះស្រាយ​ ដែរ នេះ​បើ​តាម​ខ្ញុំ​គិត​ថា យើង​មិន​ចង់​ឲ្យ​កម្មករ​ប្រឈម​ជាមួយ​អាជ្ញាធរ វា​ទៅ​ជា​រឿង​កម្មករ​ជាមួយ​អាជ្ញាធរ វា​លែង​ជា​រឿង​ប្រាក់​ឈ្នួល យើង​មិន​ចង់​ឲ្យ​យុទ្ធនាការ​យើង​ទៅ​ជា​បែប​ហ្នឹង​ទេ»

លោក​បន្ត​ថា មហា​កូដកម្ម​លើក​នេះ​មាន​ការ​រៀបចំ​យុទ្ធ​ត្រឹមត្រូវ និង​ធ្វើ​ឡើង​ដោយ​ជំហានៗ។ ដំបូង​ស្នើ​សុំ​ឲ្យ​កម្មករ​ធ្វើ​ពហិការ​ដោយ​មិន​ធ្វើការ​ថែម​ម៉ោង​នៅ​គ្រប់​ បណ្ដា​រោងចក្រ​សហគ្រាស និង​គ្រឹះស្ថាន​ទាំង​អស់ ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ កុម្ភៈ ដោយ​ខាង​សហព័ន្ធ​សហជីព និង​សមាគម​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ តាម​រយៈ​ចែក​ខិត្តប័ណ្ណ​ឲ្យ​ពួកគេ​ចូល​រួម។ ខិត្តប័ណ្ណ​ដែល​កំពុង​បោះ​ពុម្ព ២០​ម៉ឺន​ច្បាប់ គ្រោង​ចែក​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​ទី​១៩ កុម្ពៈ ត​ទៅ នៅ​តាម​គោលដៅ​ប្រមាណ ៣០០​កន្លែង​នៅ​ទូទាំង​ប្រទេស។

លោក អាត់ ធន់ បញ្ជាក់​ថា មហា​កូដកម្ម​លើក​នេះ មាន​ការ​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​ពី​សហជីព​អន្តរជាតិ និង​ពី​អ្នក​បញ្ជា​ទិញ​ធំៗ​មួយ​ចំនួន។ លោក​សង្ឃឹម​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​កម្មករ​ច្រើន​ជាង ២០​ម៉ឺន​នាក់ នឹង​ចូល​រួម​ធ្វើ​មហា​កូដកម្ម​ដោយ​ពហិការ​មិន​ធ្វើ​ការ។

គម្រោង​ចែក​ខិត្តប័ណ្ណ​នៅ​តាម​រោងចក្រ ដើម្បី​អំពាវនាវ​ឲ្យ​កម្មករ​ចូល​រួម​ធ្វើ​មហា​កូដកម្ម តាម​យុទ្ធសាស្ត្រ​ត្រជាក់ បញ្ចៀស​ហិង្សា​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ធ្លាប់​ព្រមាន​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​នឹង​ចាត់​វិធានការ​តាម​ច្បាប់ ប្រសិន​បើ​ក្រុម​សហជីព​ទាំង​នោះ ផ្គើន​ចែកចាយ​ជា​សាធារណៈ និង​មាន​លក្ខណៈ​ញុះញង់​ឲ្យ​កម្មករ​ចូល​រួម​ធ្វើ​កូដកម្ម។

យ៉ាង​ណា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន យល់​ឃើញ​ថា បើ​មាន​ការ​រារាំង​ណា​មួយ​នូវ​ដំណើរ​ការ​ចែកចាយ​ខិត្តប័ណ្ណ​របស់​សហជីព​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព នឹង​អាច​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ ឬ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើក​ប្រទេស​កម្ពុជា៖ «ខ្ញុំ​គិត​ថា គួរ​តែ​បើក​សិទ្ធិ​សេរីភាព​ឲ្យ​បង​ប្អូន​កម្មករ កម្មការិនី ក្នុង​ការ​ចូល​រួម​ធ្វើ​មហា​កូដកម្ម​ដោយ​សន្តិវិធី»

តំណាង​សហព័ន្ធ​សហជីព​បញ្ជាក់​ថា ខិត្តប័ណ្ណ​ដែល​គ្រោង​ចែក​ជូន​ដល់​កម្មករ​នោះ នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ មិន​មាន​ចរិត​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ទេ។ តែ​ជា​ការ​អំពាវនាវ​ឲ្យ​កម្មករ​ចូល​រួម​ធ្វើ​មហា​កូដកម្ម​ដោយ​ស្ម័គ្រ​ចិត្ត ប្រសិន​បើ​ពួកគេ​ចង់​បាន​ប្រាក់ខែ​គោល ១៦០​ដុល្លារ។

កម្មការិនី​រោងចក្រ​ម្នាក់ ឈ្មោះ គួយ ឈឿន ឲ្យ​ដឹង​ថា គាត់​នឹង​ចូល​រួម​ធ្វើ​មហា​កូដកម្ម​នៅ​ខែ​មីនា ខាង​មុខ ដើម្បី​ទាមទារ​ប្រាក់ខែ​គោល ១៦០​ដុល្លារ។

ស្រដៀង​គ្នា​នេះ​ដែរ កម្មការិនី​រោងចក្រ​ម្នាក់​ទៀត គឺ​លោកស្រី ឌុល យ៉េត គិត​ថា ការ​ធ្វើ​ពហិការ​មិន​ចូល​ធ្វើ​ការ អាច​ជា​ជម្រើស​មួយ​ប្រសើរ​សម្រាប់​ឲ្យ​កម្មករ​ចូល​រួម​កាន់​តែ​ច្រើន ដោយ​មិន​ភ័យ​ខ្លាច​មាន​គ្រោះថ្នាក់​ស្លាប់​និង​របួស ដូច​ការ​ទាមទារ​លើក​មុន។ ប៉ុន្តែ​ប្រសិន​បើ​កម្មករ​មិន​ស្រុះស្រួល​គ្នា​ចូល​រួម ឲ្យ​ច្រើន​កុះករ​ទេ​នោះ លទ្ធផល​អាច​នឹង​ពិបាក​ស្មាន​ដោយ​មាន​កម្មករ​ខ្លះ​ត្រូវ​ថៅកែ​រោងចក្រ​បញ្ឈប់ ដោយ​ខឹងសម្បា​នឹង​ការ​ចូល​រួម​តវ៉ា ហើយ​ខ្លះ​ទៀត​អាច​នឹង​ត្រូវ​ថៅកែ​រោងចក្រ​កាត់​ប្រាក់​ខែ​និង​ប្រាក់​ រង្វាន់៖ «គេ​ព្រម​មិន​ព្រម​ស៊ីសង​ទៅ​លើ​កម្មករ​ហើយ​យើង​អាច​ធ្វើ​ កូដកម្ម​ច្រើន អ៊ីចឹង​គ្រប់​រោងចក្រ អ៊ីចឹង​ស្រុះ​គ្នា​ទៅ​យើង​អាច​បាន​អ៊ីចឹង​ហ្នឹង»

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លោក ជាតិ ខេមរា បញ្ជាក់​ថា ខាង​សហព័ន្ធ​សហជីព​មាន​សិទ្ធិ​អំពាវនាវ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម។ ប៉ុន្តែ​លោក​មិន​ជឿ​ថា កម្មករ​ទាំង​នោះ​ស្មោះស្ម័គ្រ​ចូល​រួម​ធ្វើ​កូដកម្ម​តាម​ការ​កៀរគរ​ទេ។

លោក​បញ្ជាក់​ថា ប្រសិន​បើ​មាន​កូដកម្ម​អត់​ធ្វើ​ការ​ដូច​ការ​គ្រោង​ទុក​នោះ មិន​ត្រឹម​ត្រែ​កម្មករ​ទេ​ជា​បាត់បង់​ប្រយោជន៍ សូម្បី​តែ​ខាង​រោងចក្រ​ដែល​ជួប​វិបត្តិ​ផ្ទួនៗ​គ្នា កាល​ពី​បាតុកម្ម​លើក​មុន​មក​នោះ ក៏​អាច​ប្រឈម​នឹង​ការ​បិទ​ទ្វា​រោងចក្រ​ដែរ៖ «ប្រសិន​បើ​គាត់​បង្ក​ កូដកម្ម​ទៀត​ប្រសិន​បើ​កម្មករ​គាត់​មាន​ជំនឿ គាត់​ធ្វើ​តាម គាត់​បាត់បង់​អត្ថប្រយោជន៍​របស់​គាត់​ទៀត​ហើយ។ រោងចក្រ​បើ​បាត់​អត្ថប្រយោជន៍​ផ្ទួនៗ​អាច​ធ្វើ​ឲ្យ​រោងចក្រ​នឹង​ឈាន​ទៅ​រក​ ការ​បិទ​ទ្វារ យើង​កំពុង​តែ​ឡើង ប្រាក់ខែ​ចាប់​ផ្ដើម​អនុវត្តន៍​ទៅ​ហើយ តែ​ខ្ញុំ​មិន​ជឿ​កម្មករ​គាត់​តាម​តែ​ទាំង​អស់​ទេ ព្រោះ​គាត់​ទទួល​បាន​ប្រាក់​ឈ្នួល ហើយ​ប្រាក់​ឈ្នួល​គាត់​ភាគ​ច្រើន​ទទួល​ហើយ​គាត់​ថា​សមរម្យ»

ក្រៅ​ពី​ជំហាន​ដំបូង​នៃ​ការ​ចែក​ខិត្តប័ណ្ណ​ឲ្យ​កម្មករ​បញ្ឈប់​ការ​ថែម​ ម៉ោង​ធ្វើ​ការ​ចាប់​ពី​សប្ដាហ៍​ក្រោយ។ប្រសិន​បើ​មិន​ទាន់​មាន​ដំណោះស្រាយ នោះ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​នឹង​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​កម្មករ​ធ្វើ​ពហិការ​មិន​ធ្វើ​ការ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥ មីនា។

ក្នុង​គោល​បំណង​សំខាន់​គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​និយោជក​ដោះលែង​ជន​ជាប់​ចោទ​ទាំង ២១​នាក់ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ២៣​នាក់​ទាំង​ស្រុង។ ស្នើ​សុំ​ឲ្យ​មាន​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​ឡើង​វិញ និង​ត្រូវ​ដក​បម្រាម​នៃ​ការ​ជួបជុំ​ជា​សាធារណៈ​មិន​ឲ្យ​លើស​ពី ១០​នាក់​ចេញ​ជាដើម៕image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s