​បទ​ពិពណ៌នា​៖ សកម្មជន​តស៊ូ​មតិ​ថា គុក​មិនអាច​ឃុំ​មនសិការ​របស់​ខ្លួន​បានទេ

ពី VOD ថ្ងៃព្រហស្បតិ៍ ទី២៧ខែកុម្ភៈ ឆ្នាំ២០១៤​ ដោយ៖​ ញឹម សុខន​ និង​ អ៊ឹង ប៊ុនថន​ | ភរិយា​សកម្មជន​តស៊ូ​មតិ បាន​រម្លឹក​ពី​ភក្តីភាព របស់​ស្វាមី ដែល​ជា​សកម្មជន ដ៏​លេចធ្លោ​មួយ​ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារ ចេញមុខ​តវ៉ា ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម។​

អ្នកស្រី ​ប្រាក់ សុ​វណ្ណា​រី ភរិយា លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឲ្យដឹងថា អ្នកស្រី​តែង​ទៅសួរសុខទុក្ខស្វាមី ជារឿយៗ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម តាម​លទ្ធភាព​ដែល​ធ្វើបាន ដើម្បី​ស្វែងយល់​ពីជំងឺ​ប្រចាំកាយ និង​ស្នាមរបួស ប្តី​អ្នកស្រី ដោយ​ការវាយដំ ពេល​សមត្ថកិច្ច​ចាប់ខ្លួន។​

លោក វ​ន់ ពៅ ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​នៅ​ថ្ងៃទី​២​ ខែ​មករា ​ឆ្នាំ​២០១៤ នៅ​មុខ​រោងចក្រ​យ៉ាក់ ជី​ង ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រាជធានី​ភ្នំពេញ ដោយ​វាយ​ឲ្យ​របួស​ធ្ងន់ធ្ងរ​នៅ​លើ​រាងកាយ រហូត​មាន​ស្នាម​ដេរ ចំនួន​១០​ថ្នេរ នៅលើ​ក្បាល ខណៈ​លោក​ឃ្លាំ​មើល​ការតវ៉ា របស់​កម្មករ​ទាមទា​រ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ។​
​អ្នកស្រី​ប្រាក់ សុ​វណ្ណា​រី ឲ្យដឹងទៀតថា ពេល​ជួប​ក្នុង​ពន្ធនាគារ លោក វ​ន់ ពៅ មិន​ដែល​គិតថា នឹង​ឈប់ ធ្វើ​សកម្មភាព​តស៊ូ​មតិ ដោយសារតែ​ជាប់​ពន្ធនាគារ​នេះ​ទេ «គាត់ស្រលាញ់ការងារគាត់បំផុត ហើយសូម្បីតែក្នុងនាមខ្ញុំជាភរិយា អ្នកតស៊ូមតិម្នាក់ ក៏ខ្ញុំនៅតែគាំទ្រស្វាមីខ្ញុំ ឲ្យធ្វើការងារគាត់បន្តទៅទៀត ទោះបីយើងមិនមានទ្រព្យសម្បត្តិ តែយើងមានទឹកចិត្តមួយ ចង់ឲ្យប្រទេសយើងរីកចម្រើន អត់ចង់ឲ្យកូនយើងជំនាន់ក្រោយ នៅពិបាកវេទនា ដូចយើងទៅទៀត»។​

លោក វ​ន់ ពៅ មាន​អាយុ​៣៩​ឆ្នាំ មាន​កូនប្រុស​តូចៗ​៣​នាក់ ក្នុងបន្ទុក។ ​លោក​ធ្លាប់ធ្វើ​ជា​កម្មករ​រោងចក្រ​ កាលពី​ឆ្នាំ​២០០០ តែ​ត្រូវបាន​ថៅកែ រោងចក្រ​បណ្តេញចេញ​ពី​ការងារ ដោយសារ​ដឹកនាំ​កម្មករ​តវ៉ា​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ ដែល​មានចែង​នៅក្នុង​ច្បាប់។​

​លុះ​ដល់​ឆ្នាំ​២០០៥ លោក វ​ន់ ពៅ បាន​បង្កើតឲ្យមាន​ក្រុម​អ្នកតស៊ូម​តិមួយ ឈ្មោះថា ស​មាគម​ប្រជាធិបតេយ្យ​ឯក​រាជនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​​រូបលោក​ជា​ប្រធាន​។​
​សមាគម​នេះ តែង​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​ក្រុម​អ្នករត់ម៉ូតូឌុប អ្នកបើក​ម៉ូតូ​កង់​បី និង​អ្នក​ដែល​ប្រកប​របរ​តាម​ចិញ្ចើមថ្នល់ លើ​វិជ្ជាជីវៈ​ប្រកប​មុខរបរ​របស់​ពួកគេ​។ ក្រៅពី​ការបណ្តុះបណ្តាល​មុខរបរ​នេះ លោក វ​ន់ ពៅ លេចមុខ​ជា​ញឹក​ញាប់ចូលរួម​តវ៉ា​ជា​មួយ​ក្រុម ដែល​ទន់ខ្សោយ​ទាមទារ​សិទ្ធិសេរីភាព​ ប្រឆាំង​ការរំលោភ​ពី​សំណាក់​អ្នកមាន​ប្រាក់ និង​អ្នកមានអំណាច​ «ជយោ ជោគជ័យ សាមគ្គី មហាគ្រួសារខ្មែរ! ខ្មែររួមគ្នា ខ្មែររស់! ខ្មែរបែកបាក់ខ្មែរស្លាប់!»។​

ការចេញមុខ​តវ៉ា​ជា​ញឹកញាប់​របស់លោក វ​ន់ ពៅ នេះធ្វើឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋាភិបាល អាច​ទទួល​រង​នឹង​កា​រិះគន់ ពី​មជ្ឈដ្ឋាន​នានា ដោយសារ​ភាព​អសកម្ម​របស់ខ្លួន។ ទីបំផុត​លោក វ​ន់ ពៅ​ ត្រូវបាន​កងទ័ព​ពិសេស​ឆ័ត្រយោង​៩១១ ដែល​ការពារ​រោងចក្រ យ៉ាក់​ជី​ង រាជ​ធានា​នី​ភ្នំពេញ ចាប់ខ្លួននិង​វាយដំ​ឲ្យ​រងរបួស​ជា​ទម្ងន់ នៅពេល​សកម្មជន​រូប​នោះ​ចូលរួម​ឃ្លាំមើល​ការតវ៉ា​របស់​កម្មករ​ «ចាប់ឲ្យបាន ចាប់ឲ្យមេខ្លោងវា…»។​

ការចាប់ខ្លួន​លោក វ​ន់ ពៅ ចំ​ពេល​ដែល​បក្ស​កាន់​អំណាច​កំពុង​ប្រឈមនឹង​សម្ពាធ បាតុកម្ម របស់និង​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​បាតុករ​ច្រើន​ម៉ឺន​នាក់ ចូលរួម ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចុះចេញ​ពី​តំណែង​។​

អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស ដែល​ស្ថិត​ក្នុង​ហេតុការណ៍នោះ អះអាងថា វិធានការចាប់ខ្លួន​លោក វ​ន់ ពៅ នោះអាច​ទាក់ទង​ទៅនឹង​ការព្រួយបារម្ភ ក្លាច​បាត់បង់ អំណាច របស់​អ្នកនយោបាយ​ច្រើនជាង​។​

​លោក វ​ន់ ពៅ មកដល់ពេលនេះ ត្រូវបាន​ឃុំខ្លួន​ក្នុង ពន្ធនាគារ ជិត​ពីរ​ខែ​ហើយ រងចាំ​ថ្ងៃ​សវនាការ ក្រោម​បទ​ចោទ ញុះញង់​ឲ្យមាន​ហិង្សា​ដោយ​ចេតនា និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ដោយ​ចេតនា ដោយ​មាន​ស្ថាន​ទង្ង​ន់​ទោស។​

​មន្ត្រី​សម្របសម្រួល​នៅ​សមាគម​អាដហុក លោក ណៃ វ៉ង់​ដា ឲ្យដឹងថាតាមការអង្កេត​របស់លោក សង្ស័យថា ការចាប់​មនុស្ស​នៅ​ពេល​នោះ ទំនង​ជា​ការរៀបចំ​ទុកជាមុន​ «ការចាប់ខ្លួនលោក វន់ ពៅ ហើយនិងលោក ធេង សារឿន ចាន់ ពុទ្ធិស័ក្តនេះ គ្នាមិនបានប្រព្រឹត្តអ្វីដែលជា បទល្មើសព្រហ្មទណ្ឌ អំពើហិង្សាអ្វីទេ គឺថា គាត់ធ្វើការឃ្លាំមើល និងការតវ៉ា ជាមួយកម្មករ សុំប្រាក់ខែ១៦០ដុល្លារ ដោយសន្តិវិធី ក៏ប៉ុន្តែមានក្រុមណាមួយផ្សេងនោះ គប់ដុំថ្ម ប្រហែលជា ១៥ម៉ែត្រ ទៅ២០ម៉ែត្រ ពីក្នុងផ្សារមក ធ្វើឲ្យមានអំពើហិង្សាកើតឡើង ហើយអាជ្ញាធរសមត្ថកិច្ច ក៏ដូចជាកងកម្លាំងឆ័ត្រយោងហ្នឹង មិនបានទៅចាប់អ្នកដែលគប់ បែរជាមកវាយដុំអ្នកដែលធ្វើបាតុកម្មសន្តិវិធី គឺជារឿងមួយខុសច្បាប់ទាំងស្រុង»។​

មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​នៅ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​តាមដាន​ករណីនេះ យល់ថា វិធានការ របស់​សមត្ថកិច្ច ដែល​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស និង​បង្ក្រាប​កម្មករ នៅពេល​នោះ​ថា ជាកា​រំលោភ​សិទ្ធិមនុស្ស ដែល​កើតចេញ​ពី​គំនុំ​នយោបាយ។​

​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិជាង​២០០នាក់ ធ្លាប់​បើក​យុទ្ធនាការ​ដាក់​ញ្ញត្តិ​ទៅកាន់​ស្ថាប័នជាតិកំពូលៗ និង​ស្ថានទូត​បរទេស​នៅ​កម្ពុជា ឲ្យ​ដោះលែង​ជនសង្ស័យ​ទាំងនោះ​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​ធានា​ពី​ឯករាជ្យភាព របស់​តុលាការ និង​យុត្តិធម៌​ក្នុងសង្គម​។ ប៉ុន្តែ​មិន​មាន​ការឆ្លើតប​ជា​វិជ្ជមាន​នៅ​ឡើយ​។​

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន ហៅ​ការសម្រេច​ឃុំ ខ្លួន​ជនសង្ស័យ ទាំងនោះ​ថា ជា​នីតិវិធី​របស់​តុលាការ ដែល​រដ្ឋាភិបាល​មិន​អាចជ្រៀតជ្រែ​កបាន «តាមនីតិវិធី យើងឃើញថាការងារនេះ ជាការងារយុត្តិធម៌ ដែលអំណាចសម្រាប់តុលាការចៅក្រមទេ ដែលគាត់មានសិទ្ធិនៅក្នុងសាច់រឿងនេះ»។​

​យ៉ាងណាក៏ដោយ លោក វ​ន់ ពៅ បាន​បញ្ជាក់​ជំហរ របស់​ខ្លួន​តាមរយៈ​សំបុត្រ​មួយ​ច្បាប់ ទម្លាយ​មក​ក្រៅ​ពន្ធនាគារ តាមរយៈភរិយា​របស់​លោក​ថា ការ​ដែល​រដ្ឋាភិបាល​ចាប់​លោក​ឃុំខ្លួនគឺ អាចដាក់​បាន​រាងកាយ​ប៉ុណ្ណោះ តែមិន​អាច​ឃុំខ្លួន​មនសិការ ចង់ឲ្យ​ប្រទេស​មួយ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែលជា​ទិសដៅ​របស់​លោក​បាន​នោះទេ «សំបុត្របងពៅ នោះ គឺនៅខ្ញុំ ខ្ញុំទុករាល់ថ្ងៃ គាត់បានបញ្ជាក់ថា ពន្ធនាគារត្រឹមតែឃាត់ខ្លួនរបស់គាត់ តែមិនអាច ដាក់ឃុំឆន្ទៈ និងមនសិការរបស់គាត់ ដែលគាត់ជាមនុស្សម្នាក់ ដែលស្រលាញ់ជាតិ ស្រលាញ់មាតុភូមិរបស់គាត់ទេ គាត់ចង់អ៊ីចឹង ហើយគាត់ថា ខ្លួនប្រាណរបស់គាត់កំពុងចាប់នៅក្នុងពន្ធនាគារ ពិតជាមានរបួសស្លាកស្នាម ហើយនិងការឈឺចាប់មែន តែក៏មិនអាចធ្វើឲ្យគាត់បាក់ស្មារតីបានដែរ»។

ការតស៊ូរបស់លោក វ​ន់ ពៅ នឹង​ទទួលបាន​ពាន់រង្វាន់​កិត្តិយសផ្នែក “​អ្នកតស៊ូ​ប្រយុទ្ធប្រឆាំង​ដើម្បី​យុត្តិធម៌​សង្គម​” ពី​ប្រទេស​ប៊ែលហ្សិក នៅ​ពេល​ឆាប់ៗ​នេះ​៕member-of-vorn-pov-still-follow-with-their-leader-2014-01-09-2014-02-27

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s