សកម្មជន ២នាក់ ក្នុង ២១នាក់ ឃុំ​ខ្លួន​នៅ​ត្រពាំង​ផ្លុង​ឈឺ​ធ្ងន់

ពី ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០១៤ ដោយ  ម៉ៃ ទិត្យថារ៉ា :

កំពង់ចាមៈ ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ទឹក​ក្រូច ដោយ​មាន​លេខកូដ c ៣០០១២៣១ និយាយ​ដោយ​ញ័រ​ដៃ​និង​មាត់​ទទ្រើក លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​កំពុង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ ត្រពាំង​ផ្លុង ក្នុង​ចំណោម​ជន​រងគ្រោះ ២១ នៅ​ក្នុង​ការ​បង្ក្រាប​របស់​កម្លាំង​ទាហាន​ឆត្រ​យោង ៩១១ បាន​និង​កំពុង​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​មុខ​របួស​ចាស់​ដែល​ពុំ ​បាន​ទៅ​ជួប​គ្រូពេទ្យ​តាម​កំណត់។

ដោយ​ត្អូញ​ពី​ជំងឺ លោក វន់ ពៅ ថ្លែង​ថា លោក​ឈឺ​ផ្តើម​ចុក​ចាប់​កាន់​តែ​ខ្លាំង​ឡើងៗ ក្នុង​រយៈ​ពេល ៣ថ្ងៃ កន្លង​មក​នេះ​ដែល​បាន​ធ្វើ​ឲ្យ​រូប​លោក​ស្រែក​ទ្រហោ​ក្នុង​បន្ទប់​ ពន្ធនាគារ។ លោក​ថា៖ «ពេទ្យ​នៅ​ក្នុង​ពន្ធាគារ​នេះ​យ៉ាប់​ជាង​ពេទ្យ​នៅ​ក្នុង​សម័យ ប៉ុល ពត ទៀត​គឺ​គ្មាន​អ្វី​ទាល់​តែ​សោះ។ គេ​អាច​ធ្វើ​បាប​ផ្លូវ​ចិត្ត​និង​រូបរាង​កាយ​របស់​ខ្ញុំ ខ្ញុំ​អាច​នឹង​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ​ដោយ​សារ​ជំងឺ​នេះ ដូច្នេះ​សូម​មេត្តា​ដោះលែង​ខ្ញុំ ដើម្បី​ទៅ​ព្យាបាល​គ្រាន់​មាន​ជីវិត​រស់​នៅ​ធ្វើ​ការ​បម្រើ​សង្គម​ក្នុង​នាម ​ជា​អ្នក​តស៊ូ​មតិ​ផង»។

លោក ពៅ បាន​រៀបរាប់​ថា នៅ​ក្នុង​ពន្ធនាគារ​ពុំ​អាច​ទទួល​ព័ត៌មាន​អ្វី​ទាំងអស់​ព្រោះ​ឆ្មាំ​គុក​ហាម ​មិន​ឲ្យ​ស្តាប់​វិទ្យុ​ឬ​ក៏​ទទួល​ព័ត៌មាន​ពី​ខាង​ក្រៅ​នោះ​ទេ។

បន្ទាប់​ពី​លួច​សរសេរ​សំបុត្រ​ផ្ញើ​ចេញ​មក​ក្រៅ​តាម​រយៈ​ភរិយា​ដើម្បី​ បង្ហោះ​នៅ​លើ​ទំព័រ ហ្វេសប៊ុក សម្តែង​នូវ​ការ​អគុណ​អ្នក​ដែល​បាន​គាំទ្រ​រូប​លោក​នោះ​លោក ពៅ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ហាម​មិន​ឲ្យ​កាន់​ប៊ិក សៀវភៅ​តទៅ​ទៀត​ទេ ហើយ​មន្ត្រី​ពន្ធនាគារ​ដែល​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​រូប​លោក​ក៏​ត្រូវ​បាន ​គេ​ប្តូរ​ចេញ​ដែរ។ លោក​ថា៖ «សព្វ​ថ្ងៃ​នេះ​គេ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​ដល់​រូប​ខ្ញុំ សព្វ​បែប​យ៉ាង។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មេត្តា​ដោះលែង​រូប​ខ្ញុំ​ឲ្យ​បាន​ឆាប់​ ខ្ញុំ​គ្មាន​កំហុស​អ្វី​នោះ​ទេ»។ លោក​បាន​ថ្លែង​ថា ថ្មីៗ​នេះ​ទណ្ឌិត​ទាំង​អស់​បាន​កែប្រែ​តិចតួច​ចំពោះ​របប​អាហារ បន្ទាប់​ពី​លោក​រិះគន់​អំពី​ការ​ចម្អិន​អាហារ ដោយ​ពុំ​មាន​ម្ហូប​អ្វី​ក្រៅ​អំពី​ត្រី​ស្អុយៗ ហើយ​ប្រៃ ប៉ុន្តែ​ក្រោយ​មក ក៏​ត្រូវ​បាន​គេ​ឲ្យ​ហូប​ត្រី​ស្រស់​វិញ​បន្ទាប់​ពី លោក​បាន​ប្រាប់​ទៅ​មន្ត្រី​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​មក​សួរ​សុខ​ ទុក្ខ​រូប​លោក។ «អ្នក​ទោស​ស្ទើរ​តែ​ទាំង​អស់​ហើម ឈឺ​ស្ពឹក​លើស​ឈាម​ដោយ​សារ​តែ​ពុំ​បាន​ទទួល​អាហារ​គ្រប់​គ្រាន់​និង​ខ្វះ​ ជីវជាតិ»។

លោក វន់ ពៅ មិន​មាន​ការ​សោក​ស្តាយ​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​នាំ​ឲ្យ​មាន​ការ​ចាប់​ ឃុំ​រូប​លោក​បែប​នេះ​នោះ​ទេ ដោយ​ថ្លែង​ថា លោក​ពុំ​បាន​ធ្វើ​អ្វី​នាំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សង្គម​ជាតិ​នោះ​ទេ អ្វី​ដែល​លោក​ធ្វើ​គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​យល់​ដឹង​អំពី​សិទ្ធិ​របស់​ពួក​គេ តស៊ូ​មតិ និង​ចូល​រួម​ឃ្លាំ​មើល​កម្មករ​ធ្វើ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០ ដុល្លារ​ប៉ុណ្ណោះ។ «វា​អយុត្តិធម៌​ណាស់​សម្រាប់​រូប​ខ្ញុំ​ក៏​ដូច​ជា​អ្នក ២០ នាក់​ផ្សេង​ទៀត​ពួក​យើង​ជា​ជន​រងគ្រោះ»។

លោក​ក៏​បាន​រំឭក​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ និង​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​មុខ​រោងចក្រ យ៉ាកជីង ថា រូប​លោក​ត្រូវ​បាន​សមត្ថកិច្ច​វាយ​យ៉ាង​ធ្ងន់​ធ្ងរ​រួច​អូស​ចូល​ក្នុង​ រោងចក្រ​ហើយ​យក​ទៅ​ដាក់​ឃុំ​នៅ​ក្នុង​ការិយាល័យ ៩១១ ហើយ​ដោយ​សារ​តែ​ឈាម​របស់​លោក ថេង សាវឿន ហូរ​មិន​ឈប់ រហូត​ដល់​ពេល​ល្ងាច​គេ​បាន​យក​ទៅ​ព្យួរ​សេរ៉ូម​នៅ​កន្លែង​កង​រាជ​អាវុធហត្ថ​ ក្បែរ​នោះ។ នៅ​ថ្ងៃ​បន្ទាប់​គេ​បាន​យក​ពួក​លោក​មក​សាក​សួរ​នៅ​សាលា​ដំបូង​រាជធានី​ ប្រមាណ​ម៉ោង ៥ ព្រឹក រួច​បញ្ជូន​បន្ត​ទៅ​ទៀត​ដោយ​មិន​បាន​ប្រាប់​ថា​យក​ទៅ​ណា​នោះ​ទេ តែ​ដល់​ពាក់​កណ្តាល​ផ្លូវ​គេ​ប្រាប់​ថា​យក​ទៅ ត្រពាំងផ្លុង។

លោក​ថ្លែង​ថា៖ «ខ្ញុំ​តក់​ស្លុត​ថា អាច​នឹង​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ពាក់​កណ្តាល​ផ្លូវ​ដោយ​សារ​តែ​គេ​ឈប់ ហើយ​កាន់​កាំភ្លើង​ម្នាក់​មួយ​ដើម។ ខ្ញុំ​ត្រូវ​បាន​គេ​ដាក់​ខ្នោះ​ដៃ​ជាមួយ​លោក សាវឿន ប៉ុន្តែ​គ្រាន់​តែ​ចុះ​បត់​ជើង​តូច​ក៏​បន្ត​ដំណើរ​ទៀត។ យើង​ដល់​គុក​នេះ​នៅ​ម៉ោង ៧យប់។ ខ្ញុំ​មក​ដល់​ទី​នេះ​ដំបូង​លំបាក​បំផុត​ពីព្រោះ​គេ​មិន​ឲ្យ​និយាយ​ស្តី​ ជាមួយ​អ្នក​ដែល​នៅ​ជាប់​ឃុំ​ហើយ​គេ​បំបែក​មិន​ឲ្យ​ជួប​អ្នក​ដែល​ចាប់​មក​ ជាមួយ​នោះ​ទេ»។

នៅ​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ហើយ​ស្ថានភាព​សុខភាព​ក៏​មិន​ខុស​គ្នា​ដែរ​ នោះ លោក ថេង សាវឿន មន្ត្រី​សម្រប​សម្រួល​បណ្តាញ​កសិករ​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ​ក្បាល​របស់​លោក​ដែល​ត្រូវ​របួស​ដោយ​ទាហាន​វាយ​នោះ​កំពុង​តែ ​ឈឺ​ចាប់​ឡើង​វិញ រហូត​ពេល​ខ្លះ​វិល​មុខ ចង់​ដួល​ក៏​មាន។ ក្នុង​ពន្ធនាគារ​ពុំ​មាន​ថ្នាំ​ព្យាបាល​អ្វី​ក្រៅ​ពី​ប៉ារ៉ា​នោះ​ទេ។ លោក​ថា៖ «ខ្ញុំ​សូម​ឲ្យ​តុលាការ​កំពូល​មេត្តា​ពន្លឿន​នីតិវិធី​ការ​សុំ​ស្នើ​ឲ្យ​នៅ​ ក្រៅ​ឃុំ​របស់​ពួក​ខ្ញុំ ដោយ​សារ​តែ​ខាង​ក្រុមហ៊ុន​គេ​បាន​ដក​ពាក្យ​បណ្តឹង​រួច​ហើយ ម្យ៉ាង​ទៀត​ដើម្បី​ឲ្យ​ពួក​ខ្ញុំ​អាច​ចេញ​ទៅ​ព្យាបាល​ជំងឺ​ទាន់​ពេល»។

លោក​ថ្លែង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​លោក​ពុំ​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​នោះ​ទេ​គឺ​រូប​លោក​ គ្រាន់​តែ​កាន់​កាមេរ៉ា​មួយ​ដើម្បី​ថត​រូប​ប៉ុណ្ណោះ​ប៉ុន្តែ​បែ​រជា​គេ​ចោទ​ ប្រកាន់​ថា ពួក​លោក​ប្រើ​ហិង្សា​និង​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​គេ​ទៅ​វិញ។ «វា​យុត្តិធម៌​បំផុត​ចំពោះ​ខ្ញុំ​និង​កម្មករ​ដទៃ​ទៀត គេ​វាយ​យើង​គេ​ចាប់​យើង​ដាក់​គុក ហើយ​ប្តឹង​យើង​ទៀត»។

មន្ត្រី​ពន្ធនាគារ​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក វន់ ពៅ ចាប់​ផ្តើម​ឈឺ​ចុក​ខ្លាំង​ក្នុង​រយៈ​ពេល ២ ទៅ ៣ ថ្ងៃ​នេះ ហើយ​គាត់​ស្រែក​រោទ៍​ដូច​គោ​នៅ​ពេល​ដែល​គាត់​ទ្រាំ​មិន​បាន​ជា​ពិសេស​នៅ​ពេល ​យប់។ «ខ្ញុំ​អាណិត​តែ​មិន​ដឹង​ជួយ​យ៉ាង​ម៉េច ម្យ៉ាង​ខ្លាច​មេ​ស្តី​ឲ្យ​ផង»។

ចំណែក​ឯ​ម្តាយ​ក្មេក​លោក វន់ ពៅ អ្នក​ស្រី គង់ គឹមសាន បាន​និយាយ​ទាំង​ហូរ​ទឹក​ភ្នែក​នៅ​ពេល​ដែល​មើល​រូប​ថត​កូន​ប្រសា​ដែល​បាន​ ព្យួរ​នៅ​ជញ្ជាំង​ថា អ្នក​ស្រី​អាណិត​កូន​ជា​ពន់​ពេក ពី​ព្រោះ​កូន​អ្នក​ស្រី​ពុំ​ដែល​ធ្វើ​អ្វី​ប៉ះពាល់​ទៅ​ដល់​ជាតិ ឬ​ក៏​លក់​ជាតិ​បំផ្លិច​បំផ្លាញ​ជាតិ​នោះ​ទេ​គឺ​កូន​របស់​គាត់​ធ្វើ​ការ​តែ​ សិទ្ធិ​មនុស្ស​បែរ​ជា​ត្រូវ​បាន​ចាប់​ខ្លួន។​«បើ​កូន​ខ្ញុំ​ធ្វើ​អី​ខុស​តែ​ បន្តិច ចង់​ចោទ​ប្រកាន់​ម៉េច​ក៏​ចោទ​ចុះ តែ​នេះ​គ្នា​គ្មាន​បាន​ធ្វើ​អី​ខុស​សោះ​គ្រាន់​តែ​ទៅ​ចូល​រួម​ជួយ​កម្មករ ត្រូវ​បាន​គេ​ចាប់​ដាក់​ឃុំ​តើ​យុត្តិធម៌​នៅ​ឯ​ណា​ទៅ?»។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​អំពី​បញ្ហា​គ្រូពេទ្យ​នោះ​លោក គៀ សុវណ្ណា ប្រធាន​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ ទី៣ ត្រពាំង​ផ្លុង ថ្លែង​ថា ក្នុង​ពន្ធនាគារ​របស់​លោក​មាន​គ្រូពេទ្យ​ប្រចាំ​ការ ២៤ ម៉ោង លើ ២៤ ម៉ោង ហើយ​មាន​ថ្នាំ​ព្យាបាល​គ្រប់​មុខ។​«យើង​មិន​ត្រឹម​តែ​ព្យាបាល​ទណ្ឌិត​ទេ យើង​ព្យាបាល​ពលរដ្ឋ​នៅ​ក្រៅ​ទៀត​ផង»។

លោក​បន្ត​ថា ទាក់​ទិន​ករណី​ដែល​គាត់​ពុំ​ទទួល​បាន​ព័ត៌មាន​ដោយ​សារ​តែ​ពួក​គាត់​ចៅក្រម​ ពុំ​ទាន់​បញ្ចប់​ការ​ស៊ើប​អង្កេត​នៅ​ឡើយ ប្រសិន​បើ​ពួក​គាត់​ត្រូវ​បាន​បិទ​នូវ​ការ​ស៊ើប​អង្កេត​ពួក​គាត់​អាច​ចេញ​មក ​ក្រៅ​អាន​សៀវភៅ​នៅ​បណ្ណាល័យ​ដូច​ទណ្ឌិត​ដទៃ​ទៀត​ដែរ។

កាល​ពី​ថ្ងៃ ទី១១ ខែ កុម្ភៈ សាលា​ឧទ្ធរណ៍​បាន​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ជាប់​ចោទ​ទាំង ២១ នាក់ ដោយ​សំអាង​ថា បទ​ល្មើស​មិន​ទាន់​ត្រូវ​បាន​តុលាការ​សាលា​ដំបូង បើក​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។ អ្នក​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ ទម្ងន់​ទោស និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ និង​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​មុខ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវ វេងស្រេង និង​នៅ​មុខ​រោងចក្រ យ៉ាកជីង ខណៈ​ដែល​ពួកគេ​ចូល​រួម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០ ដុល្លារ ដល់​កម្មករ។

លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន ថ្លែង​ថា ជា​ទូទៅ​នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​គឺ​មាន​មន្ទីរពេទ្យ​នៅ​ក្នុង​នោះ ប៉ុន្តែ​ពេទ្យ​នោះ​មាន​ថ្នាំ​សង្កូវ​មិន​គ្រប់​គ្រាន់​ទេ។​«ក្នុង​ករណី​ សកម្មជន​សិទ្ធិ​មនុស្ស កម្មក​ទាំង​នោះ​ទាក់​ទង​ទៅ​នឹង​រឿង​នយោបាយ​ដូច្នេះ​ក្នុង​ការ​សម្រេច​ចិត្ត​ អ្វី​មួយ​ប្រធាន​ពន្ធនាគារ​ត្រូវ​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត បើ​មិន​ដូច្នេះ​ទេ វា​អាច​មាន​បញ្ហា​ដល់​រូប​គាត់»៕20140305_04

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s