សវនាការ​ជំនុំ​ជម្រះ​អ្នក​ជាប់​ឃុំ​ទាំង ២៣ នាក់​នឹង​​​​​បន្ត​នៅ​ខែ​ក្រោយ​ទៀត

_MG_1068(អត្ថបទពីភ្នំពេញប៉ុស្តិ៏ ដោយ៖​ ប៊ុត រស្មីគង្គា )ភ្នំពេញៈ បន្ទាប់​ពី​បាន​ធ្វើ​ការ​ជំនុំ​ជម្រះ​សវនាការ ​ ជន​ជាប់​ឃុំ ២៣​នាក់​ដាច់​​ដោយ​ឡែក​ពី​គ្នា រយៈពេលពេញ១ ថ្ងៃ តាំង​ពី​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៥ មេសា​នេះ​មក លោក​ចៅក្រម​ជំនុំ​ជម្រះ បាន​ប្រកាស​លើក​សំណុំ​រឿង​ខាង​លើ​នេះ​ទៅ​បន្ត​ធ្វើ នៅ​ពេល​ក្រោយ​ទៀត​ថ្ងៃទី ៦ ខែ​ឧសភា​ខែ​ក្រោយ​នេះ ដោយ​​មូល​ហតុ​ធ្វើ​ការ​សាក​សួរ​មិន​ទាន់​ចប់ និងចៅក្រម​ចង់​ទុក​ពេល​​ឲ្យ​បានច្រើនក្នុងការ​ស៊ើប​អង្កេត​បន្ថែម​ក្នុង​ សំណុំ​រឿង​នេះ។

ជន​សង្ស័យ​ចំនួន​២៥ នាក់ ត្រូវ​បាន​ជំនុំ​ជម្រះ ដោយ​មាន ៣ សវនាការ ក្នុង​ពេល​តែមួយ។ ក្នុង​នោះ សំណុំ​រឿង​ក្តី​ប៉ះ​ទង្គិច​គ្នា រវាង​ក្រុម​កុប្បករ ជាមួយ​កង​កម្លាំង​សមត្ថកិច្ច នៅ​ខាង​មុខ​រោងចក្រ​យ៉ាក​ជីន ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​កំបូល ដែល​មាន​ជន​សង្ស័យ ចំនួន​១០​នាក់ ក្នុង​រួម​មាន​ឈ្មោះវន់ ពៅ និង ចាន់ ពុទ្ធិសក្តិ ត្រូវ​បាន​ជំនុំ​ជម្រះ​ ដោយ​លោក​ចៅក្រម​កែវ មុនី និង តំណាង​អយ្យការ​២​រូប គឺ​លោក​លី សុផាន់ណា និង លោកហោ លីណា។

សំណុំ​រឿង​ប៉ះ​ទង្គិច​គ្នា​នៅ ​ជិត​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង មាន​ជន​សង្ស័យ​ចំនួន​១៣​នាក់ ត្រូវ​បាន​ជំនុំ​ជម្រះ​ដោយ លោក​ចៅក្រម លាង សំណាត់ និង តំណាង​អយ្យការកញ្ញ៉ា វ៉ា សក្តា ព្រះ​រាជ​អាជ្ញារង អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ ​សំ​ណុំ​រឿង​ប៉ះ​ទង្គិច​គ្នា ដែល​មាន​ជន​សង្ស័យ​ចំនួន​២នាក់ ​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ​ ត្រូវ​បាន​ជំនុំ​ជម្រះ ដោយ​លោកចៅ​ក្រម សួស សំអាត និង តំណាងអយ្យការ លោក​សៀង សុខ។

លោក​ចៅក្រម​ កែវ មុនី បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ទាំង​អស់​ខាង​លើ​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​តំណាង​អយ្យការ​ពី​បទ «ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បង្ក​ឲ្យ​មាន​ភាព​វឹកវរ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស» ប្រព្រឹត្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ទី២ និង​ទី៣ ខែ​មករា និង​ថ្ងៃទី ២៣ ខែ​វិច្ឆិកា ២០១៣។

សវនា​ការ​​នៅថ្ងៃនេះ ត្រូវ​បាន​ធ្វើ​ឡើយ​ជា​សាធារណៈ ដោយ​មាន​ការ​ចូល​រួម​ស្តាប់ និង​សង្កេត​ការណ៍ ពី​ក្រុម​អ្នក​កាសែត​ជាតិ​​និង អន្តរជាតិ អង្គការជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ យ៉ាង​ច្រើន​កុះករ និង​ក៏​ស្ថិត​នៅ​ក្រោម​ការ​យាម​ត្រួត​ពិនិត្យ និង ការ​ការពារ​សុវត្ថិភាព​យ៉ាង​តឹង​រឹង​បំផុត អំពី​សំណាក់​កម្លាំង​សមត្ថកិច្ច​នគរបាល ប្រមាណ​ជាង​៥០០​នាក់ ដែល​បាន​ដាក់​ពង្រាយ និង ​បិទ​ផ្លូវ​​គ្រប់​​គោល​ដៅ​ទាំងអស់ មិន​ អ្នក​ធ្វើ​ដំណើរ ចូល​ឆ្លង​កាត់ ជិត​បរិវេណ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឡើយ ខណៈ​ដែល​មាន​កម្មករ-​កម្មការិនី និង ក្រុម​ពលរដ្ឋ​អ្នក​បឹង​កក់ រាប់​រយ​នាក់ បាន​នាំ​គ្នា ធ្វើ​បាតុកម្ម និង​បាន​ស្រែក​ទាម​ទារ​ឲ្យ​តុលាការ ដោះ​លែង​ជន​សង្ស័យ​ទាំង​២៣​នាក់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ដោយសារ កម្លាំងសមត្ថកិច្ច ចម្រុះ បាន​បិទ​​បារ៉ាស់ មិនឲ្យ​ក្រុមអ្នកតវ៉ាចូលទៅមុខតុលាការ ក៏​មានការរុញច្រាន​ប៉ះទង្គិច​គ្នា ខណៈពេ​ល​ដែល​ក្រុម​អ្នក​គាំទ្រ​ទាំង​នោះ បាន​​នាំ​​គ្នា​សម្រុក​ចូល បណ្តាលឲ្យរងរបួស​មួយ​ចំនួន​ផង​ដែរ។

ជន​ជាប់​ចោទ​ទាំង ២១នាក់ រួមទាំង​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច​កាល​ពី​ថ្ងៃ ទី​០២ និង​០៣ ខែ​មករា ដើម​ឆ្នាំ​នេះ នៅ​មុខ​រោងចក្រ យ៉ាក​ជីង និង​សួន​ឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវ វេងស្រេង នៅ​ពេល​ដែល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៦០ ដុល្លារ​ក្នុង​មួយ​ខែ។

សំណុំ​រឿងក្តី​ប៉ះទង្គិច​គ្នា រវាង​ក្រុម​កុប្បករ ជាមួយ​កងកម្លាំង​សមត្ថកិច្ច​នេះ​ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួសមួយចំនួន រួមទាំង​ករណី​ប៉ះទង្គិច​គ្នា ​រវាង​កម្មករ​រោងចក្រ SL ជាមួយ​សមត្ថកិច្ច ​នៅមុខ​វត្ត​ស្ទឹង​មានជ័យ​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ កាល​ពី​ថ្ងៃ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។

សូម​រំឭក​ដែរ​ថា លោក វន់ ពៅ និង​រួម​ទាំង​ជន​ជាប់​ឃុំ​២១​នាក់ ត្រូវ​បាន​តុលាការ​បើក​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ចំនួន ៤ លើក​រួច​មក​ហើយ គឺ​នៅ​សាលា​ដំបូង​រាជធានី​ចំនួន​ពីរ​លើក និង​នៅ​សាលា​ឧទ្ធរណ៍​ចំនួន​ពីរ​លើក ដោយ​ពុំ​មាន​វត្តមាន​ជន​ជាប់​ចោទ ហើយ​រាល់​លើក​តុលាការ​សុទ្ធ​តែ​សម្រេច​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ លោក។ អ្នក​ទាំង​អស់​នោះ ​តុលាការ​កំពូល​គ្រោង​នឹង​បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​នៅ ​ថ្ងៃ ទី​២ ខែ​ឧសភា ខាង​មុខ​នេះ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s