ខ្មែរ | ព័ត៌មាន​ថ្មីៗ | ច្បាប់ តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​មនុស្ស​២១​នាក់​សុំ​នៅ​ក្រៅ​ឃុំ​ថ្ងៃ​៩​ឧសភា

ពី RFA ដោយ ដែន អយុធ្យា ៖​imageតុលាការ​កំពូល បាន​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​តាម​សំណើ​របស់​មេធាវី​ជន​សង្ស័យ ​ចំនួន ២១​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា។ ពួក​គេ​ទាំង ២១​នាក់ ស្ថិត​ក្នុង​ចំណោម ២៣​នាក់ ត្រូវ​សមត្ថកិច្ច​រដ្ឋាភិបាល​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ក្នុង​ពេល​ចូល​រួម​តវ៉ា​ទាមទារ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ ជូន​កម្មករ​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។

បន្ទាប់​ពី​បាន​បើក​សវនាការ​ពេញ​មួយ​ព្រឹក​រួច​មក តុលាការ​កំពូល មិន​ទាន់​ប្រកាស​សាលក្រម​ភ្លាមៗ​ទៅ​លើ​សំណុំ​រឿង​ស្នើ​នៅ​ក្រៅ​ឃុំ​របស់​ជន​ ជាប់​ចោទ​ទាំង ២១​នាក់​ទេ ដោយ​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ខាង​មុខ។

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ បាន​ឲ្យ​អ្នក​កាសែត​ដឹង​ក្រោយ​បញ្ចប់​សវនាការ​ដោយ​រំពឹង​ថា សាលក្រម​របស់​តុលាការ​កំពូល​នា​ថ្ងៃ​ទី​៩ ខែ​ឧសភា ខាង​មុខ នឹង​សម្រេច​ឲ្យ​កូន​ក្តី​លោក​បាន​នៅ​ក្រៅ​ឃុំ។ លោក​លើក​ហេតុផល​ថា កូន​ក្តី​មួយ​ចំនួន​របស់​លោក​មាន លោក វន់ ពៅ ជាដើម មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​មាន​ការ​ធានា​ពី​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​ធំៗ ដែល​ធានា​ថា លោក វន់ ពៅ នឹង​បង្ហាញ​ខ្លួន​គ្រប់​ពេល នៅ​ពេល​ណា​តុលាការ​ត្រូវ​ការ។

នាយក​រង​ខាង​តស៊ូ​មតិ​អង្គការ​លីកាដូ (Licadho) លោក ថាវ គឹមសាន ដែល​បាន​ចូល​ស្តាប់​ក្នុង​អង្គ​សវនាការ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​ឧសភា បាន​បញ្ចេញ​ទស្សនៈ​ថា ជន​ត្រូវ​ចោទ​ទាំង ២១​នាក់ គួរ​ត្រូវ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់ ព្រោះ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ណា​មួយ​ដែល​អាច​ចោទ​ជន​សង្ស័យ​ទាំង​នោះ​ បាន​ទេ។ លោក​គិត​ថា សំណុំ​រឿង​ក្តី​របស់​ជន​ជាប់​ចោទ​ចំនួន ២៣​នាក់ ដែល ២​នាក់​ត្រូវ​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន គឺ​មិន​គួរ​ត្រូវ​អ្នក​នយោបាយ​ទាញ​ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ។

លោក ថាវ គឹមសាន៖ «ខ្ញុំ​យល់​ឃើញ​ថា ការ​លើក​ពេល​ប្រកាស​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ទៅ​ក្រោយ​ថ្ងៃ​សវនាការ​លើ​អង្គ​សេចក្តី​ថ្ងៃ​ទី​៦ ខែ​ឧសភា មាន​ន័យ​ថា នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា សុំ​នៅ​ក្រៅ​ឃុំ​ហ្នឹង គឺ​ជា​ដំណើរ​ស្រប​គ្នា​ជាមួយ​គ្នា​ស្ថានការណ៍​នយោបាយ ពីព្រោះ​យើង​ដឹង​ហើយ​ថា គណបក្ស​ទាំង​ពីរ​ធ្លាប់​បាន​ដំណើរ​ការ​ការ​ចរចា ហើយ​តំណាង​រាស្ត្រ​មួយ​ចំហៀង​ទៀត​មក​ពី​គណបក្ស​ប្រជាជន គឺ​គណបក្ស​ប្រជាជន ឯកឧត្តម ជាម យៀប លោក​ធ្លាប់​លើក​ឡើង​ថា ករណី​អ្នក​ទាំង ២៣​នាក់ កាល​ណោះ​នៅ ២៣​នាក់ ដោះ​លែង ឬ​យ៉ាង​ណា វា​ទាក់ទង​នឹង​ការ​ចរចា​គ្នា។ នេះ​យើង​អាច​និយាយ​បាន​ថា ត្រូវ​បាន​កេង​ចំណេញ​ពី​អ្នក​នយោបាយ»

ចំណែក​យុវតី អ៊ុក ម៉ារ៉ា ជា​និស្សិត​សកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​បញ្ហា​ទស្សនៈ​នៅ​មុខ​តុលាការ​កំពូល ថា មនុស្ស​ទាំង ២១​នាក់ ដែល​កំពុង​ជាប់​ឃុំ គួរ​ត្រូវ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ដោយ​គ្មាន​លក្ខខណ្ឌ។ យុវតី​រូប​នេះ​បញ្ជាក់​ថា ជន​ជាប់​ឃុំ​ទាំង ២១​នាក់ មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ទេ ព្រោះ​ការ​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​ដំឡើង​ប្រាក់​ខែ​កម្មករ​ដោយ​សន្តិវិធី គ្មាន​ទោសពៃរ៍​ឡើយ។ ប៉ុន្តែ អ្នក​មាន​កំហុស​ដែល​គួរ​តុលាការ​ផ្ដន្ទាទោស គឺ​អ្នក​ប្រើ​ហិង្សា ឬ​ប្រើ​អាវុធ​បាញ់​សម្លាប់​កម្មករ​ទៅ​វិញ​ទេ៖ «ពួក​ គាត់​អត់​មាន​ធ្វើ​អី​ខុស​ទេ គ្រាន់​តែ​មក​ទាមទារ​ប្រាក់​ខែ ១៦០​ដុល្លារ​ក្នុង​១​ខែ​ទេ។ ហេតុ​អី​បាន​ជា​ពួក​គាត់​តបស្នង​មក​លើ​ប្រជាពលរដ្ឋ​វិញ ដោយ​ប្រើ​អំពើ​ហិង្សា​ដោយ​គ្រាប់​កាំភ្លើង ហើយ​ចាប់​ពួក​គាត់​វៃ​ពួក​គាត់​ធ្វើ​បាប ហើយ​ពេល​គាត់​មាន​ជំងឺ​សុំ​គេ​ទៅ​ព្យាបាល មិន​ឲ្យ​ពេទ្យ​ព្យាបាល​គាត់​ទៀត។ ខ្ញុំ​សុំ​សំណូមពរ​ឲ្យ​តុលាការ​ដោះ​លែង​គាត់​ទាំង ២៣​នាក់ ព្រោះ​ពួក​គាត់​អត់​មាន​អី​ខុស​ទេ»

សវនាការ​លើ​បណ្ដឹង​ស្នើ​នៅ​ក្រៅ​ឃុំ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២ ខែ​ឧសភា មិន​មាន​វត្តមាន​ជន​សង្ស័យ​ទាំង ២១​នាក់​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អង្គ​សវនាការ​ទេ។

ដោយ​ឡែក​នៅ​ខាង​ក្រៅ​របង​តុលាការ​កំពូល​វិញ ឃើញ​មាន​វត្តមាន​ព្រះសង្ឃ ពលរដ្ឋ សិស្ស​និស្សិត សាច់ញាតិ​ជន​ជាប់​ចោទ និង​តំណាង​ជន​រងគ្រោះ​សហគមន៍​ដីធ្លី​បឹងកក់ បុរីកីឡា រាប់​រយ​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា និង​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​ជន​សង្ស័យ​ទាំង ២១​នាក់​ឲ្យ​មាន​សេរីភាព។

អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយា លោក វន់ ពៅ បាន​អំពាវនាវ​ឲ្យ​តុលាការ​កំពូល​លើក​លែង​ការ​ចោទ​ប្រកាន់​ស្វាមី និង​មនុស្ស ២០​នាក់​ទៀត ព្រម​ទាំង​ស្នើ​ឲ្យ​ដោះ​លែង​ពី​ពន្ធនាគារ។ អ្នកស្រី​បាន​រិះគន់​ការ​ចាប់​ខ្លួន​ស្វាមី និង​មនុស្ស​ច្រើន​ទៀត​ក្នុង​សកម្មភាព​ជួយ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ កម្មករ ១៦០​ដុល្លារ កាល​ពី​ដើម​ខែ​មករា ជា​រឿង​អយុត្តិធម៌៖ «នេះ​ជា​ ទារុណកម្ម​ដាក់​ទៅ​លើ​អ្នក​ទាំង ២១​នាក់។ សូម្បី​តែ​ពេទ្យ​សុំ​ចូល​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ក៏​មិន​មាន​ការ​អនុញ្ញាត​ដែរ ហេតុ​អី​តុលាការ​មិន​ព្រម​ដោះ​លែង​អ្នក​ទាំង ២១​នាក់ ឲ្យ​មាន​សេរីភាព»

ក្នុង​ចំណោម​ជន​ជាប់​ចោទ​ចំនួន ២៣​នាក់ មាន ២​នាក់​ត្រូវ​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន និង ២១​នាក់​ទៀត​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។ ជន​ជាប់​ចោទ​ទាំង​នោះ ត្រូវ​តុលាការ​ចោទ​ជាច្រើន​ករណី មាន​ដូច​ជា បទ​ប្រើ​ហិង្សា​ដោយ​ចេតនា ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស និង​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​ចរាចរណ៍​សាធារណៈ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា និង​រោងចក្រ យ៉ាក ជីន កាល​ពី​ដើម​ខែ​មករា៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s